សព្វថ្ងៃ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ មានផ្ទៃដីប្រមាណ ៣៥០គីឡូម៉ែត្រក្រឡា ដោយស្ថិតនៅក្នុង ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១១២គ.ម ពីរាជធានីភ្នំពេញ តាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។ បើយើងចាប់អារម្មណ៍ក្រឡេកទៅក្រោយតែបន្តិចនោះ យើងនឹងដឹងថា មុនទសវត្ស១៩៩០ តំបន់គិរីរម្យទាំងមូលមានផ្ទៃដី ៨១,៧២០ហិកតា។ ដោយសារតែការកាប់បំផ្លាញធនធានធម្មជាតិ ព្រៃឈើកាន់តែរេចរឹលរួមតូចទៅៗ ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចចុះបញ្ជីរមណីយដ្ឋានគិរីរម្យនេះជា “ឧទ្យានជាតិព្រះសុរាម្រិត” ដោយព្រះរាជក្រឹត្យព្រះបាទនរោត្ដមសីហនុ ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ៣៥,០០០ហិកតា។ សូមរំលឹកជូនថា ក្នុងសម័យសង្គមរាស្ត្រនិយម ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនេះ គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលសម្បូរទៅដោយជ្រោះ ទឹកធ្លាក់ និងរុក្ខជាតិបៃតងខ្ចី ព្រមទាំងម្រឹគីម្រឹគាស្ទើរតែគ្រប់ប្រភេទ ហើយវាបានប្រែក្លាយជាតំបន់ដ៏ទាក់ទាញ។ កាលនោះតំបន់ទេសចរណ៍ដ៏ល្បីនេះមានឈ្មោះថា “ក្រុងជូឡុង ឬ បុរីជូឡុង”។ ក្រុងទេសចរណ៍ដ៏ប្រណិតជូឡុងកើតឡើងដោយសកម្មជនសម្ដេចចក្រី ញឹក ជូឡុង និងចលនាប្រជាជនជាអ្នករួមវិភាគទាន។ គួរបញ្ជាក់ជូនថា ក្នុងសម័យសង្គមរាស្ត្រនិយម ក្រៅពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ រដ្ឋាភិបាលសម័យនោះបានបង្កើតជាក្រុងថ្មីៗមួយចំនួនទៀតដូចជា ក្រុងអង្គរ ក្រុងកែប ក្រុងបូកគោ ក្រុងប៉ៃលិន និងក្រុងជូឡុងប៉ុណ្ណោះ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរបានសម្គាល់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យជា ឧទ្យានជាតិគិរីរម្យ។ ឧទ្យានជាតិនេះ ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីមួយក្នុងចំណោមរមណីយដ្ឋាន និងឧទ្យានជាតិដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ ព្រោះទីនោះមានទេសភាពស្រស់ស្អាតលម្អដោយរុក្ខជាតិត្រូពិកតូចធំជាច្រើន ពិសេសនោះ គឺសម្បូរទៅដោយព្រៃស្រល់ដែលដុះឯងៗស្ទើរពាសពេញតំបន់នោះ ហើយជាព្រៃស្រល់រក្សាទុកធំជាងគេបំផុតរបស់កម្ពុជា។ ម្យ៉ាងទីនោះក៏សម្បូរព្រៃជាំស្លឹកធំដុះតាមមាត់ជ្រោះ និងព្រៃស្រោងសើម ដែលចម្រុះដោយជីវសាស្រ្តគ្រប់ប្រភេទផងដែរ៕
top of page
bottom of page