#ប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ដោយក្នុងនោះចំពោះទីតំាង ភូមិសាស្រ្ដប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណចេញពីកំពែងក្រុង។ ក្នុងបរិវេណនៃទីក្រុងនេះ គឺមានកំពែងព័ទ្ធជុំវិញដោយដីពីរជាន់ ហើយជ្រុងខាងលិចប្រវែងប្រមាណ ២គីទ្បូម៉ែត្រ និងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាងសំបូរបែបទៀតផង។ ចំពោះការរស់នៅរបស់ប្រជាជនវិញ មានចំនួនរាប់ម៉ឺនគ្រួសារ និងនៅចំកណ្ដាលក្រុង មានការរៀបចំអាសនៈយ៉ាងធំ សម្រាប់ព្រះរាជាធ្វើសវនការផងដែរ។ ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារិក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។ ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់មានប្រមាណជា ៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេច បីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះបានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថមានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១ នេះឯង។ ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។ ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោកបានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ តមកទៀត ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ ១៩៧០ មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ និងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។ * ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០១៧ នេះ ជាថ្ងៃប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេសមានមោទនភាព និងសាទរជាថ្មីម្ដងទៀត បន្ទាប់រំលង (មួយថ្ងៃ) ពីពិធីរំឭកខួប៩ឆ្នាំប្រាសាទព្រះវិហារមកនេះ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
top of page
bottom of page