វត្តសំពៅប្រាំ ស្ថិតនៅទីខ្ពង់រាប នៅលើភ្នំបូកគោ ក្នុងខេត្តកំពត ដែលសព្វថ្ងៃនេះបានក្លាយជាកន្លែងទេសចរណ៍ សម្រាប់ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានទេសភាពស្រស់ស្អាត ហើយអ្នកដំណើរអាចទៅកម្សាន្តទីនោះ តាមផ្លូវជាតិលេខ ៣ ពីភ្នំពេញ ទៅភ្នំបូកគោ មានចម្ងាយ ១៨៩ គីឡូម៉ែត្រ តែបើគិតពីផ្លូវកំពត-បូកគោ មានចំនួន ៣២ គីឡូម៉ែត្រ។ ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោក ហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជា បានចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា បារាំងរៀបចំធ្វើជាទីសំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដែលមានកូនវិហារតូចមួយនឹងចេតិយឡើងមួយ។ សំណង់វត្តនេះតាំងលើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេ គឺផែនថ្ម ជាបន្ទះៗ មានទំហំបណ្តោយ ១០ម៉ែត្រ និងកំពស់ ១០ម៉ែត្រ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នាជាប្រាំសន្លឹក មានសណ្ឋានដូចជាក្តោងសំពៅត្រដាង។ ឃើញរូបភាពនៃផែនថ្មទាំងប្រាំផែននេះហើយ មានសណ្ឋានដូចសំពៅ៥ កំពុងបើកក្តោង និងការកសាងក៏ត្រូវធ្វើនៅ ជាប់ផែនថ្មនេះទៀត ទើបអ្នកផងទាំងពួងហៅទីនេះតាមសន្មត់ថា “វត្តសំពៅ៕
top of page
bottom of page